ភ្នំសរសៀជារម្មណីយដ្ឋានវប្បធម៌ធម្មជាតិដែលអ្នកមិនគួររំលង




ភ្នំសរសៀ គឺជាតំបន់រមណីយដ្ឋានវប្បធម៌ធម្មជាតិមួយដែលមានផ្ទាំងទស្សនិយភាពដ៏មហស្ចារ្យប្លែកពីតំបន់ទេសចរណ៍ផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ហើយភ្នំនេះ មានទីតាំងប្រមាណជា៤គីឡូម៉ែត្រប៉ុណ្ណោះចេញពីរង្វង់មូលសេះស មកទិសខាងលិចតាមបណ្ដោយផ្លូវជាតិលេខ៣ ពីស្រុកកំពង់ត្រាច។


ពេលមកដល់ទីនេះហើយ អ្នកនឹងជាប់ចិត្តដិតអារម្មណ៍ជាមួយនិងធម្មជាតិដ៏ស្រស់បំព្រង លាយឡំនិងខ្យល់ជំនោរវូៗ បក់មកពីទិសនិរតីដ៏បរិសុទ្ធ ឆ្លងកាត់មហាសារគដ៏ធំល្វឹងល្វើយពីភាគខាងនៃត្បូងភ្នំ។ ប្រសិនបើអ្នកស្ថិតនៅលើទ្រូងភ្នំ ហើយសម្លឹងមើលចុះមកជើងភ្នំដោយបាញ់ក្រសែភ្នែកតម្រង់ឲ្យចំទិសនិរតី អ្នកនឹងឃើញផ្ទះអ្នកស្រុកតូចៗ ប្រក់ដំបូលក្រហមឆ្អិនឆ្អៅហាក់ដូចជាកូនវិមានមាសដែលផុសឡើងនាឋានតុសិត រំលេចចេញនូវធម្មជាតិបៃតងស្រង៉ាត់អមដោយផ្សែងអព្ទតិចៗ ចេញពីស្លឹកសន្ទូងនារដូវវស្សារ ហោះហើរយ៉ាងមានសេរីភាពក្នុងវាលស្រែ។ ថ្នាលអំពកតូចៗ តម្រៀបចេញជាភ្លឺស្រែខ្វែងខ្វាត់ហាក់ដូចជាក្រឡាចក្រត្រង្គ តភ្ជាប់គ្នារហូតដល់មាត់សមុទ្រអមដោយពណ៌បៃតងខ្ចីនៃសម្រស់ធម្មជាតិពិតៗ។ នៅពេលដែលអ្នកអូសក្រសែកភ្នែករបស់អ្នកឲ្យហួសពីទិដ្ឋភាពវាលស្រែដ៏សែនមនោរម្យនោះបន្ដិច អ្នកនឹងឃើញផ្ទៃសមុទ្រខៀវស្រងាត់ និងមានកោះតូចធំប្រជុំគ្នាដែលមើលទៅហាក់ដូចជាភាវៈម៉្យាងដែលមានជីវិតកំពុងសម្លឹងមើលគ្នាទៅវិញទៅមក។ ក្នុងចំណោមកោះទាំងនោះ មានកោះមួយដែលមានសណ្ឋានធំផ្ដាច់គេ អាចឲ្យយើងមើលជាក់នឹងភ្នែកខ្លួនឯងផ្ទាល់ ហើយកោះនោះមានឈ្មោះថា “កោះត្រល់” ដែលមានប្រវត្តិនិទានទាក់ទងនឹងខេត្តកែប។ ខ្យល់ជំនោរមូសុងបោកបក់លើផ្ទៃសមុទ្រ នាំឲ្យមានរលកភ្លិបភ្លែតៗ ត្របួលខ្មួលខ្មាញ់ដេញគ្នាមិនចេះហត់ ប៉ះចំពន្លឺព្រិចៗរំលេចចេញពីព្រះអាទិត្យនាសាយណ្ហសម័យ ធ្វើឲ្យរលកសមុទ្រចែងចាំងពន្លឺភ្លឺផ្លេកដូចគ្រាប់ពេជ្រនិលឆ្នៃរាយប៉ាយពេញវាល។ 

ចំណែកឯលើខ្នងភ្នំវិញ មានដើមឈើធំៗល្មមដែលអាចឲ្យយើងជ្រកធ្វើជាម្លប់បានយ៉ាងរីករាយ បំផុតហើយដើមឈើទាំងនោះ ភាគច្រើនគឺជាដើមក្ងោក និងដើមផ្កាចំប៉ី។ ប្រសិនបើអ្នកមកកំសាន្ដទីនេះក្នុងអំឡុងខែ៤ អ្នកនឹងត្រេកត្រអាលជាមួយសម្រស់ក្ងោក ចំប៉ីភ្នំសរសៀជាក់ជាមិនខាន ព្រោះអ្នកនឹងមិនមានចិត្តនឿយណាយឡើយជាមួយទិដ្ឋភាពដ៏ទាក់អារម្មណ៍បែបនេះ។ ផ្ទាំងថ្មតូចធំផ្ដុំគ្នាយ៉ាងពពាក់ពពូនតាំងពីជើងភ្នំរហូតដល់ទ្រូងភ្នំ អមដោយជណ្ដើរថ្មកសាងឡើងដោយព្រះសង្ឃ អាចារ្យគំណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីឲ្យអ្នកទេសចរទាំងឡាយមានលទ្ធភាពដើម្បីបានចូលទៅទស្សនាទិដ្ឋភាពផ្សេងៗក្នុងរូងភ្នំ។ ភ្នំសរសៀ មានរូងភ្នំជាច្រើនបែកខ្ញែកគ្នាទៅតាមតំបន់ផ្សេងៗដែលមិនអាចឲ្យយើងដឹងច្បាស់បានឡើយថារូងទាំងនោះមានច្រកចេញពីណាដល់ណា? ហើយក្នុងនោះ រូងសំខាន់ៗមួយចំនួនដែលជាទិសដៅសម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិ គឺរូងស្ដេចដំរីស ដែលមានផ្ទាំងថ្មផុសចេញជារូបដំរីពិតហាក់ដូចជាការឆ្នៃចេញពីទឹកដៃវិចិត្រករឯកណាម្នាក់អ៊ីចឹង តែវាកកើតឡើងដោយធម្មជាតិសុទ្ធសាធ។ រូងស្រែ១០០ មានទឹកដក់ត្រជាក់ដូចទឹកអម្រឹតខួបប្រាំងខួបវស្សារ លាក់ខ្លួនពួនអាត្មានៅក្នុងរូងនោះ។ រីឯរូងប្រចៀវ មានសត្វប្រចៀវជាច្រើនពាន់ក្បាលនៅពួនសម្ងំក្នុងនោះយ៉ាងមានក្ដីសុខ។ 

នៅលើកំពូលភ្នំតូចមួយភាគខាងត្បូងនៃព្រះវិហារ អ្នកនឹងឃើញមានចេតិយ៍មួយដែលកសាងឡើងដោយ អង្គម្ចាស់ក្សត្រីយ៍ រស្មីសោភ័ណ ដែលអមដោយពណ៌ស្រស់ និងក្បូរក្បាច់រចនាល្អប្រណិតដែលស្ដែងចេញនូវទឹកដៃឆ្នៃប្រឌិតខ្ពស់របស់ស្ថាបត្យករខ្មែរនោះគឺ គោតមមុនីចេតិយ៍ សម្រាប់ប្រជាពុទ្ធបរិស័ទបានគោរពបូជា នូវព្រះសរីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ។ (អត្ថបទកម្មសិទ្ធិ)

លោកអ្នកអានប្រហែលជាឆ្ងល់ថាហេតុអីបានជាគេហៅភ្នំនេះថាជាភ្នំសរសៀ? នៅពេលដែលស្ដេចសាគររាជបាននាំពលសេនាដើរសរសៀតាមកៀនចន្លោះភ្នំ ដើម្បីភាសខ្លួនពីខ្មាំងសត្រូវតទៅមុខទៀត ទើបតរៀងមកគេហៅភ្នំនេះថាជាភ្នំសរសៀរ។ (ខ្មែរ
ភ្នំសរសៀជារម្មណីយដ្ឋានវប្បធម៌ធម្មជាតិដែលអ្នកមិនគួររំលង ភ្នំសរសៀជារម្មណីយដ្ឋានវប្បធម៌ធម្មជាតិដែលអ្នកមិនគួររំលង Reviewed by Khmer Happy on 8:16 PM Rating: 5

No comments:

ads
Powered by Blogger.